5 ហេតុអ្វីបានជាពួកលោកនាំពួកយើងចាកចេញពីស្រុកអេស៊ីប មកនៅកន្លែងដ៏អាក្រក់នេះ? ទីនេះមិនមែនជាកន្លែងដែលយើងអាចសាបព្រោះបានទេ ហើយក៏គ្មានដើមឧទុម្ពរ ដើមទំពាំងបាយជូរ និងដើមទទឹមដែរ។ រីឯទឹកសម្រាប់ផឹកក៏គ្មាន»។
6 លោកម៉ូសេ និងលោកអើរ៉ុននាំគ្នាចាកចេញពីក្រុមជំនុំ ឆ្ពោះទៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ លោកទាំងពីរក្រាបចុះ អោនមុខដល់ដី ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកឲ្យលោកទាំងពីរឃើញ។
7 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
8 «ចូរយកដំបង រួចអ្នក និងអើរ៉ុន ជាបងរបស់អ្នក ប្រមូលសហគមន៍ឲ្យជួបជុំគ្នា។ ត្រូវបង្គាប់ថ្មដានៅចំពោះមុខពួកគេ នោះនឹងមានទឹកហូរចេញពីថ្មដា។ អ្នកត្រូវធ្វើឲ្យទឹកហូរចេញពីថ្មដានោះ សម្រាប់សហគមន៍ និងហ្វូងសត្វផឹក»។
9 លោកម៉ូសេយកដំបងដែលស្ថិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចព្រះអង្គបានបង្គាប់លោក។
10 លោកម៉ូសេ និងលោកអើរ៉ុន កោះហៅសហគមន៍ឲ្យមកជួបជុំគ្នា នៅមុខថ្មដា។ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាមនុស្សបះបោរអើយ ចូរស្ដាប់! តើពួកយើងអាចធ្វើឲ្យមានទឹកហូរចេញពីថ្មដានេះសម្រាប់អ្នករាល់គ្នា បាន ឬមិនបាន?»។
11 លោកម៉ូសេលើកដៃឡើង ហើយយកដំបងរបស់លោកវាយថ្មដាពីរដង ស្រាប់តែមានទឹកហូរចេញមកយ៉ាងបរិបូណ៌។ សហគមន៍ក៏នាំគ្នាផឹកទឹក ហើយហ្វូងសត្វក៏ផឹកដែរ។