ជន‌គណនា 21:16-22 KHSV

16 បន្ទាប់​មក ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​បៀរ គឺ​ត្រង់​អណ្ដូង​ទឹក ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ឲ្យ​ប្រមូល​ប្រជា‌ជន ដើម្បី​ប្រទាន​ទឹក​ឲ្យ​ពួក​គេ។

17 នៅ​ទី​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ច្រៀង​ចម្រៀង​មួយ​បទ​ដូច​ត​ទៅ:«អណ្ដូង​ទឹក​អើយ ចូរ​ឲ្យ​មាន​ទឹក​ផុស​ឡើង!ចូរ​បន្លឺ​សំឡេង​អបអរ!

18 អណ្ដូង​ដែល​ពួក​មេ​ដឹក​នាំ​បាន​ខួងអណ្ដូង​ដែល​ពួក​វីរ‌ជន​បាន​ជីកដោយ​ប្រើ​ដំបង​រាជ្យ និង​ឈើ​ច្រត់!»។

19 បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​ម៉ាថា‌ណា ពី​ម៉ាថា‌ណា​ទៅ​ណាហា‌លាល ពី​ណាហា‌លាល​ទៅ​បាម៉ុត

20 ពី​បាម៉ុត​ទៅ​ជ្រលង​ភ្នំ​ដែល​ស្ថិត​នៅ​វាល​ស្រុក​ម៉ូអាប់ ហើយ​ទៅ​ដល់​កំពូល​ភ្នំ​ពី​ស្កា ដែល​ស្ថិត​នៅ​ជាប់​វាល‌រហោ‌ស្ថាន។

21 ជន‌ជាតិ​អ៊ីស្រា‌អែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ទូល​ថា៖

22 «យើង​ខ្ញុំ​សូម​អនុញ្ញាត​ឆ្លង​កាត់​ស្រុក​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយជូរ​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​ផឹក​ទឹក​ពី​អណ្ដូង​របស់​ព្រះ‌ករុណា​ដែរ។ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ធំ រហូត​ដល់​ឆ្លង​ផុត​ទឹក​ដី​របស់​ព្រះ‌ករុណា»។