17 នៅទីនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាច្រៀងចម្រៀងមួយបទដូចតទៅ:«អណ្ដូងទឹកអើយ ចូរឲ្យមានទឹកផុសឡើង!ចូរបន្លឺសំឡេងអបអរ!
18 អណ្ដូងដែលពួកមេដឹកនាំបានខួងអណ្ដូងដែលពួកវីរជនបានជីកដោយប្រើដំបងរាជ្យ និងឈើច្រត់!»។
19 បន្ទាប់មក ពួកគេចេញដំណើរពីវាលរហោស្ថានឆ្ពោះទៅម៉ាថាណា ពីម៉ាថាណាទៅណាហាលាល ពីណាហាលាលទៅបាម៉ុត
20 ពីបាម៉ុតទៅជ្រលងភ្នំដែលស្ថិតនៅវាលស្រុកម៉ូអាប់ ហើយទៅដល់កំពូលភ្នំពីស្កា ដែលស្ថិតនៅជាប់វាលរហោស្ថាន។
21 ជនជាតិអ៊ីស្រាអែលចាត់អ្នកនាំសារឲ្យទៅគាល់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី ទូលថា៖
22 «យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ព្រះករុណា យើងខ្ញុំនឹងមិនចូលទៅក្នុងស្រែ ឬចម្ការទំពាំងបាយជូរទេ ហើយយើងខ្ញុំក៏មិនផឹកទឹកពីអណ្ដូងរបស់ព្រះករុណាដែរ។ យើងខ្ញុំគ្រាន់តែដើរតាមផ្លូវធំ រហូតដល់ឆ្លងផុតទឹកដីរបស់ព្រះករុណា»។
23 ព្រះបាទស៊ីហុនមិនព្រមឲ្យជនជាតិអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់ខ្លួនទេ តែស្ដេចប្រមូលកងទ័ពទាំងមូលចេញមកវាយប្រហារជនជាតិអ៊ីស្រាអែល នៅវាលរហោស្ថាន គឺស្ដេចវាយប្រហារជនជាតិអ៊ីស្រាអែលនៅយ៉ាហាស់។