2 ពេលនោះ ជនជាតិអ៊ីស្រាអែលបន់ព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិនោះមកក្នុងកណ្ដាប់ដៃទូលបង្គំ ទូលបង្គំនឹងបំផ្លាញទីក្រុងទាំងឡាយរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះអង្គ»។
3 ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ហើយប្រគល់ជនជាតិកាណានមកក្នុងកណ្ដាប់ដៃរបស់ពួកគេ។ អ៊ីស្រាអែលបានបំផ្លាញជនជាតិកាណាន ព្រមទាំងក្រុងរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់។ គេដាក់ឈ្មោះកន្លែងនោះថា “ហោរម៉ា”។
4 ជនជាតិអ៊ីស្រាអែលចេញដំណើរពីភ្នំហោរ តាមផ្លូវសមុទ្រកក់ ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជាជនបាក់ទឹកចិត្ត
5 ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងលោកម៉ូសេថា៖ «ហេតុអ្វីបានជាព្រះអង្គ និងលោក នាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះ គ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គំរក់នេះដែរ!»។
6 ពេលនោះ ព្រះអម្ចាស់ក៏ធ្វើឲ្យមានពស់ភ្លើងមកចឹកពួកគេ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើន ក្នុងចំណោមជនជាតិអ៊ីស្រាអែល។
7 ប្រជាជននាំគ្នាទៅជួបលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដោយពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងរូបលោកផ្ទាល់។ សូមលោកមេត្តាទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គបណ្ដេញពស់ទាំងនេះចេញឲ្យឆ្ងាយពីយើងខ្ញុំផង»។ លោកម៉ូសេក៏ទូលអង្វរព្រះអង្គឲ្យប្រជាជន។
8 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើរូបពស់ភ្លើង ព្យួរលើបង្គោលមួយ។ អ្នកណាត្រូវពស់ចឹក ហើយសម្លឹងមើលទៅរូបពស់ អ្នកនោះនឹងរួចជីវិត»។