23 ព្រះបាទស៊ីហុនមិនព្រមឲ្យជនជាតិអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់ខ្លួនទេ តែស្ដេចប្រមូលកងទ័ពទាំងមូលចេញមកវាយប្រហារជនជាតិអ៊ីស្រាអែល នៅវាលរហោស្ថាន គឺស្ដេចវាយប្រហារជនជាតិអ៊ីស្រាអែលនៅយ៉ាហាស់។
24 ជនជាតិអ៊ីស្រាអែលបានប្រហារព្រះបាទស៊ីហុន ដោយមុខដាវ ហើយចាប់យកទឹកដីរបស់ស្ដេច ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងរហូតដល់ព្រំប្រទល់ស្រុកអាំម៉ូន ដែលមានកំពែងដ៏រឹងមាំ។
25 ជនជាតិអ៊ីស្រាអែលដណ្ដើមយកបានក្រុងទាំងប៉ុន្មាន នៅស្រុកអាម៉ូរី ហើយរស់នៅក្នុងក្រុងទាំងនោះ គឺក្រុងហែសបូន និងស្រុកភូមិដែលនៅជុំវិញ។
26 ក្រុងហែសបូនជារាជធានីរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី។ ព្រះបាទស៊ីហុនបានច្បាំងជាមួយស្ដេចរបស់ជនជាតិម៉ូអាប់ ដែលសោយរាជ្យមុន ហើយដណ្ដើមយកទឹកដីទាំងមូលរបស់ស្ដេចស្រុកម៉ូអាប់។ ទឹកដីនោះលាតសន្ធឹងរហូតដល់ស្ទឹងអើណូន។
27 ហេតុនេះហើយបានជាពួកកវីតែងពោលថា៖ចូរនាំគ្នាមកហែសបូន!ចូរសង់ក្រុងរបស់ស្ដេចស៊ីហុនហើយរៀបចំឲ្យដូចដើមឡើងវិញ!
28 ដ្បិតមានភ្លើងមួយចេញពីហែសបូនអណ្ដាតភ្លើងមួយចេញពីក្រុងរបស់ស្ដេចស៊ីហុនឆាបឆេះក្រុងអើរនៅស្រុកម៉ូអាប់និងពួកមេកន្ទ្រាញនៅប៉ែកខាងលើស្ទឹងអើណូន។
29 ម៉ូអាប់អើយ អ្នកត្រូវវេទនាហើយ!ប្រជាជនដែលថ្វាយបង្គំព្រះកេម៉ូសអើយអ្នកអន្តរាយហើយ!ព្រះនេះបានធ្វើឲ្យកូនប្រុសរបស់ខ្លួនរត់ខ្ចាត់ខ្ចាយហើយប្រគល់កូនស្រីរបស់ខ្លួនទៅជាឈ្លើយរបស់ព្រះបាទស៊ីហុន ជាស្ដេចស្រុកអាម៉ូរី!