ជន‌គណនា 21:6-12 KHSV

6 ពេល​នោះ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​មាន​ពស់​ភ្លើង​មក​ចឹក​ពួក​គេ បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។

7 ប្រជា‌ជន​នាំ​គ្នា​ទៅ​ជួប​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​រូប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​ទូល‌អង្វរ​ព្រះ‌អម្ចាស់ សូម​ព្រះ‌អង្គ​បណ្ដេញ​ពស់​ទាំង​នេះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ផង»។ លោក​ម៉ូសេ​ក៏​ទូល‌អង្វរ​ព្រះ‌អង្គ​ឲ្យ​ប្រជា‌ជន។

8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ធ្វើ​រូប​ពស់​ភ្លើង ព្យួរ​លើ​បង្គោល​មួយ។ អ្នក​ណា​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​រូប​ពស់ អ្នក​នោះ​នឹង​រួច​ជីវិត»។

9 លោក​ម៉ូសេ​យក​លង្ហិន​ធ្វើ​រូប​ពស់​មួយ ហើយ​ព្យួរ​លើ​បង្គោល។ ពេល​មាន​នរណា​ម្នាក់​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​ពស់​លង្ហិន​នោះ គេ​បាន​រួច​ជីវិត។

10 ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ​ទៅ ហើយ​បោះ​ជំរំ​នៅ​អូបុត។

11 ពួក​គេ​ចាក​ចេញ​ពី​អូបុត​ទៅ​បោះ​ជំរំ​នៅ​អ៊ីយេ-‌អាបា‌រីម ក្នុង​វាល​រហោ‌ស្ថាន​នៅ​ខាង​កើត​ស្រុក​ម៉ូអាប់។

12 ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បោះ​ជំរំ​នៅ​ជ្រលង​ភ្នំ​សេរេដ។