7 ប្រជាជននាំគ្នាទៅជួបលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដោយពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងរូបលោកផ្ទាល់។ សូមលោកមេត្តាទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គបណ្ដេញពស់ទាំងនេះចេញឲ្យឆ្ងាយពីយើងខ្ញុំផង»។ លោកម៉ូសេក៏ទូលអង្វរព្រះអង្គឲ្យប្រជាជន។
8 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើរូបពស់ភ្លើង ព្យួរលើបង្គោលមួយ។ អ្នកណាត្រូវពស់ចឹក ហើយសម្លឹងមើលទៅរូបពស់ អ្នកនោះនឹងរួចជីវិត»។
9 លោកម៉ូសេយកលង្ហិនធ្វើរូបពស់មួយ ហើយព្យួរលើបង្គោល។ ពេលមាននរណាម្នាក់ត្រូវពស់ចឹក ហើយសម្លឹងមើលទៅពស់លង្ហិននោះ គេបានរួចជីវិត។
10 ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរទៅ ហើយបោះជំរំនៅអូបុត។
11 ពួកគេចាកចេញពីអូបុតទៅបោះជំរំនៅអ៊ីយេ-អាបារីម ក្នុងវាលរហោស្ថាននៅខាងកើតស្រុកម៉ូអាប់។
12 ពួកគេចាកចេញពីទីនោះទៅបោះជំរំនៅជ្រលងភ្នំសេរេដ។
13 ពួកគេចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយស្ទឹងអើណូន ដែលហូរចេញពីស្រុកអាម៉ូរី កាត់តាមវាលរហោស្ថាន។ ស្ទឹងអើណូនជាព្រំដែនរបស់ស្រុកម៉ូអាប់ និងស្រុកអាម៉ូរី។