ជន‌គណនា 22:20-26 KHSV

20 នៅ​ពេល​យប់ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​នោះ​នាំ​គ្នា​មក​ហៅ​អ្នក​ដូច្នេះ ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ចុះ។ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សេចក្ដី​ណា​ដែល​យើង​នឹង​បង្គាប់​ឲ្យ​អ្នក​ធ្វើ»។

21 លោក​បាឡាម​ក្រោក​ឡើង​ពី​ព្រលឹម លោក​រៀបចំ​កែប​លា ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់។

22 ពេល​នោះ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ព្រោះ​លោក​ចេញ​ដំណើរ​ដូច្នេះ។ ទេវតា*​របស់​ព្រះ‌អម្ចាស់​ឈរ​រាំង​ផ្លូវ​របស់​លោក ដើម្បី​ជំទាស់​នឹង​លោក។ លោក​បាឡាម​ជិះ​លា​ញី​របស់​លោក ហើយ​មាន​អ្នក​បម្រើ​ពីរ​នាក់​រួម​ដំណើរ​ជា​មួយ​ដែរ។

23 លា​ញី​បាន​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ទាំង​កាន់​ដាវ​ផង។ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ទៅ​ដើរ​នៅ​ក្នុង​ចម្ការ។ លោក​បាឡាម​វាយ​លា​ឲ្យ​មក​ដើរ​តាម​ផ្លូវ​វិញ។

24 ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ដែល​មាន​ចម្ការ​ទំពាំង‌បាយជូរ​នៅ​សង​ខាង ហើយ​សង​ខាង​ផ្លូវ​មាន​របង។

25 លា​ញី​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់ វា​ក៏​ងាក​ទៅ​ជិត​របង ធ្វើ​ឲ្យ​ជើង​របស់​លោក​បាឡាម​គាប​ទៅ​នឹង​របង។ លោក​បាឡាម​ក៏​វាយ​វា​សា​ជា​ថ្មី។

26 ទេវតា​របស់​ព្រះ‌អម្ចាស់​ទៅ​ឆ្ងាយ​បន្តិច ត្រង់​កន្លែង​មាន​ច្រក​ចង្អៀត ដែល​ពុំ​អាច​វាង​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។