21 លោកបាឡាមក្រោកឡើងពីព្រលឹម លោករៀបចំកែបលា ចេញដំណើរទៅជាមួយពួកមេដឹកនាំរបស់ជនជាតិម៉ូអាប់។
22 ពេលនោះ ព្រះជាម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ព្រោះលោកចេញដំណើរដូច្នេះ។ ទេវតា*របស់ព្រះអម្ចាស់ឈររាំងផ្លូវរបស់លោក ដើម្បីជំទាស់នឹងលោក។ លោកបាឡាមជិះលាញីរបស់លោក ហើយមានអ្នកបម្រើពីរនាក់រួមដំណើរជាមួយដែរ។
23 លាញីបានឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ទាំងកាន់ដាវផង។ លាក៏ងាកចេញពីផ្លូវ ទៅដើរនៅក្នុងចម្ការ។ លោកបាឡាមវាយលាឲ្យមកដើរតាមផ្លូវវិញ។
24 ទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ដែលមានចម្ការទំពាំងបាយជូរនៅសងខាង ហើយសងខាងផ្លូវមានរបង។
25 លាញីឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ងាកទៅជិតរបង ធ្វើឲ្យជើងរបស់លោកបាឡាមគាបទៅនឹងរបង។ លោកបាឡាមក៏វាយវាសាជាថ្មី។
26 ទេវតារបស់ព្រះអម្ចាស់ទៅឆ្ងាយបន្តិច ត្រង់កន្លែងមានច្រកចង្អៀត ដែលពុំអាចវាងទៅស្ដាំ ឬទៅឆ្វេងឡើយ។
27 លាឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ក្រាបចុះ ធ្វើឲ្យលោកបាឡាមខឹងជាខ្លាំង ហើយយកដំបងវាយលា។