ជន‌គណនា 22:30-36 KHSV

30 លា​ញី​តប​ថា៖ «ខ្ញុំ​ជា​លា​របស់​លោក ដែល​លោក​ធ្លាប់​ជិះ​គ្រប់​ពេល​វេលា រហូត​មក​ទល់​ថ្ងៃ​នេះ តើ​ពី​មុនៗ​មក ខ្ញុំ​ធ្លាប់​ធ្វើ​បែប​នេះ​ចំពោះ​លោក​ឬ​ទេ?»។ លោក​បាឡាម​តប​ថា «ទេ!»។

31 ពេល​នោះ ព្រះ‌អម្ចាស់​បំភ្លឺ​ឲ្យ​លោក​បាឡាម​មើល​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ដែល​ឈរ​រាំង​ផ្លូវ ទាំង​កាន់​ដាវ​នៅ​ដៃ លោក​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។

32 ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​វាយ​លា​របស់​លោក​ដល់​ទៅ​បី​ដង​ដូច្នេះ? ខ្ញុំ​បាន​ចេញ​មក​ឃាត់​លោក ដ្បិត​ផ្លូវ​ដែល​លោក​តម្រង់​ទៅ​នេះ​ជា​ផ្លូវ​នាំ​ឲ្យ​វិនាស។

33 លា​ញី​បាន​ឃើញ​ខ្ញុំ វា​ងាក​ចេញ​ពី​ខ្ញុំ​ដល់​ទៅ​បី​ដង ប្រសិន​បើ​វា​មិន​ងាក​ចេញ​ពី​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​ខ្ញុំ​សម្លាប់​លោក ហើយ​ទុក​ជីវិត​ឲ្យ​វា»។

34 លោក​បាឡាម​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌អម្ចាស់​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​ខ្ញុំ​ប្របាទ​ពុំ​ដឹង​ថា លោក​ម្ចាស់​ស្ថិត​នៅ​តាម​ផ្លូវ​ពី​មុខ​ខ្ញុំ​ប្របាទ​ទេ។ ឥឡូវ​នេះ ប្រសិន​បើ​លោក​មិន​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​ទេ នោះ​ខ្ញុំ​ប្របាទ​បក​ក្រោយ​វិញ»។

35 ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​បាឡាម​ថា៖ «ចូរ​ទៅ​ជា​មួយ​អ្នក​ទាំង​នោះ​ចុះ តែ​ត្រូវ​និយាយ​តាម​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ព្រះ‌បាទ​បាឡាក់។

36 ព្រះ‌បាទ​បាឡាក់​ជ្រាប​ថា​លោក​បាឡាម​មក​ដល់ ស្ដេច​ក៏​យាង​ចេញ​ទៅ​ទទួល​លោក​នៅ​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ក្បែរ​ជាយ​ដែន។