ជន‌គណនា 22:6-12 KHSV

6 ដូច្នេះ សូម​លោក​អញ្ជើញ​មក​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​យើង។ បើ​លោក​ដាក់​បណ្ដាសា​ពួក​គេ​នោះ ប្រហែល​ជា​យើង​វាយ​ឈ្នះ​ពួក​គេ ហើយ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នេះ​បាន ដ្បិត​យើង​ដឹង​ថា ពេល​លោក​ឲ្យ​ពរ​អ្នក​ណា អ្នក​នោះ​នឹង​ទទួល​ពរ តែ​បើ​លោក​ដាក់​បណ្ដាសា​អ្នក​ណា អ្នក​នោះ​ពិត​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។

7 ចាស់​ទុំ​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ចាស់​ទុំ​របស់​ជន‌ជាតិ​ម៉ាឌាន នាំ​គ្នា​ចេញ​ដំណើរ​ទៅ ទាំង​នាំ​យក​ជំនូន​សម្រាប់​ជូន​គ្រូ​ហោរ​ទៅ​ជា​មួយ​ផង។ ពួក​គេ​បាន​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ហើយ​រៀប​រាប់​ប្រាប់​លោក​នូវ​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​បាឡាក់។

8 លោក​បាឡាម​ពោល​ថា៖ «សូម​អស់​លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ជូន​ចម្លើយ​អស់​លោក​វិញ តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​ម៉ូអាប់​ក៏​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​បាឡាម។

9 ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «តើ​មនុស្ស‌ម្នា​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ជា​នរណា?»។

10 លោក​បាឡាម​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «ស្ដេច​បាឡាក់ ជា​បុត្រ​របស់​ស្ដេច​ស៊ីប‌ព័រ​ដែល​សោយ​រាជ្យ​នៅ​ស្រុក​ម៉ូអាប់ បាន​ចាត់​ពួក​គេ​ឲ្យ​មក​ប្រាប់​ទូលបង្គំ​ថា

11 “មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាស‌ពេញ​ស្រុក។ ដូច្នេះ សូម​លោក​មក​ជួយ​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង។ បើ​លោក​ដាក់​បណ្ដាសា​ពួក​គេ​នោះ ប្រហែល​ជា​យើង​វាយ​ឈ្នះ​ពួក​គេ និង​បណ្តេញ​ពួក​គេ​បាន”»។

12 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​បាឡាម​ថា៖ «កុំ​ទៅ​ជា​មួយ​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្ដាសា​ប្រជា‌ជន​នោះ​ដែរ ដ្បិត​យើង​បាន​ឲ្យ​ពរ​ពួក​គេ​រួច​ហើយ!»។