12 លោកបាឡាមទូលស្ដេចថា៖ «ទូលបង្គំត្រូវថ្លែងតែសេចក្ដីណា ដែលព្រះអម្ចាស់ប្រាប់ឲ្យថ្លែងប៉ុណ្ណោះ!»។
13 ព្រះបាទបាឡាក់មានរាជឱង្ការថា៖ «ដូច្នេះ សូមលោកមកជាមួយយើង មានកន្លែងមួយទៀត ដែលលោកអាចមើលឃើញពួកគេច្បាស់ ព្រោះនៅទីនេះ លោកឃើញពួកគេតែមួយផ្នែកប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ លោកត្រូវតែដាក់បណ្ដាសាពួកគេឲ្យយើង»។
14 ស្ដេចនាំលោកបាឡាមទៅវាលសូភីម ដែលស្ថិតនៅលើកំពូលភ្នំពីសកា។ នៅទីនោះ ស្ដេចសង់អាសនៈប្រាំពីរ នៅលើអាសនៈនីមួយៗ ស្ដេចថ្វាយគោបាមួយ និងចៀមឈ្មោលមួយ។
15 លោកបាឡាមទូលស្ដេចថា៖ «សូមព្រះករុណាគង់នៅទីនេះ ក្បែរតង្វាយដុតរបស់ព្រះករុណា ទូលបង្គំនឹងចេញទៅជួបព្រះជាម្ចាស់»។
16 ព្រះអម្ចាស់យាងមកជួបលោកបាឡាម ព្រះអង្គប្រាប់លោកអំពីសេចក្ដីដែលលោកត្រូវថ្លែង ហើយឲ្យលោកវិលទៅជួបព្រះបាទបាឡាក់វិញ ដើម្បីថ្លែងព្រះបន្ទូលនេះ។
17 លោកបាឡាមក៏វិលទៅជួបព្រះបាទបាឡាក់ ដែលឈរនៅក្បែរតង្វាយដុត ដោយមានពួកនាម៉ឺនមន្ត្រីរបស់ជនជាតិម៉ូអាប់ឈរនៅជាមួយផង។ ព្រះបាទបាឡាក់សួរលោកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេច?»។
18 លោកបាឡាមក៏ថ្លែងដូចតទៅ៖បពិត្រព្រះរាជាបាឡាក់សូមប្រុងប្រៀបព្រះសណ្ដាប់!បពិត្រព្រះរាជបុត្ររបស់ព្រះបាទស៊ីបព័រសូមផ្ទៀងព្រះកាណ៌ស្ដាប់!