22 ព្រះជាម្ចាស់បាននាំពួកគេចាកចេញពីស្រុកអេស៊ីបដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។
23 មន្តអាគមមិនអាចធ្វើអ្វីយ៉ាកុបបានទេអំពើធ្មប់ក៏មិនអាចធ្វើអ្វីអ៊ីស្រាអែលដែរ។នៅពេលកំណត់ គេនឹងថ្លែងអំពីការអស្ចារ្យដែលព្រះជាម្ចាស់ធ្វើចំពោះយ៉ាកុបនិងអ៊ីស្រាអែល។
24 មើលចុះ ប្រជាជននេះងើបឡើងដូចសិង្ហញីពួកគេឈរដូចសិង្ហឈ្មោលដរាបណាសិង្ហមិនបានចាប់រំពាហើយហុតឈាមសត្វដែលវាចាប់បានទេវាមិនដេកវិញឡើយ។
25 ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «ប្រសិនបើលោកមិនដាក់បណ្ដាសាពួកគេទេនោះ ក៏ហីទៅចុះ តែកុំឲ្យពរពួកគេដូច្នេះឡើយ!»។
26 លោកបាឡាមតបថា៖ «ទូលបង្គំបានទូលព្រះករុណារួចហើយថា ទូលបង្គំនឹងធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។
27 ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «សូមអញ្ជើញមក យើងនាំលោកទៅកន្លែងមួយទៀត។ នៅកន្លែងនោះ ព្រះជាម្ចាស់ប្រហែលជាសព្វព្រះហឫទ័យឲ្យលោកដាក់បណ្ដាសាពួកគេ»។
28 ព្រះបាទបាឡាក់នាំលោកបាឡាមទៅដល់កំពូលភ្នំពេអ៊រ ដែលស្ថិតនៅពីលើវាលរហោស្ថាន។