ជន‌គណនា 25:3-9 KHSV

3 ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល‌ពេអ៊រ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​ពួក​គេ។

4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចាប់​ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​មក ហើយ​ព្យួរ-ក​ពួក​គេ​ហាល​ថ្ងៃ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដើម្បី​ពង្វាង​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល»។

5 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ចៅ‌ក្រម​នៃ​ជន​អ៊ីស្រា‌អែល​ថា៖ «ចូរ​ប្រហារ​ជីវិត​ពួក​អ្នក​ដែល​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល‌ពេអ៊រ​ទៅ!»។

6 ពេល​នោះ មាន​បុរស​ម្នាក់​ជា​ជាតិ​អ៊ីស្រា‌អែល​បាន​នាំ​ស្ត្រី​សាសន៍​ម៉ាឌាន​ម្នាក់ ចូល​មក​ក្នុង​ចំណោម​បង‌ប្អូន​របស់​ខ្លួន នៅ​មុខ​លោក​ម៉ូសេ និង​នៅ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ក្នុង​ពេល​ពួក​គេ​កំពុង​តែ​យំ​សោក​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

7 ឃើញ​ដូច្នេះ លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេឡាសារ ដែល​ត្រូវ​ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន ក៏​ក្រោក​ឡើង​នៅ​ចំពោះ​មុខ​សហគមន៍ ទាំង​កាន់​លំពែង​នៅ​ដៃ។

8 គាត់​តាម​បុរស​នោះ​រហូត​ដល់​ក្នុង​ពន្លា​របស់​គេ ហើយ​ចាក់​ទម្លុះ​អ្នក​ទាំង​ពីរ​នាក់ គឺ​បុរស​អ៊ីស្រា‌អែល និង​ស្ត្រី​នោះ​ធ្លាយ​ពោះ។ ដូច្នេះ គ្រោះ​កាច​ដែល​កើត​មាន​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ក៏​ស្ងប់​ទៅ​វិញ។

9 គ្រោះ​កាច​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ទាំង​អស់​ពីរ​ម៉ឺន​បួន​ពាន់​នាក់។