5 លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកចៅក្រមនៃជនអ៊ីស្រាអែលថា៖ «ចូរប្រហារជីវិតពួកអ្នកដែលជំពាក់ចិត្តនឹងព្រះបាលពេអ៊រទៅ!»។
6 ពេលនោះ មានបុរសម្នាក់ជាជាតិអ៊ីស្រាអែលបាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់ ចូលមកក្នុងចំណោមបងប្អូនរបស់ខ្លួន នៅមុខលោកម៉ូសេ និងនៅមុខសហគមន៍អ៊ីស្រាអែលទាំងមូល ក្នុងពេលពួកគេកំពុងតែយំសោកនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
7 ឃើញដូច្នេះ លោកភីនេហាស ជាកូនរបស់លោកអេឡាសារ ដែលត្រូវជាកូនរបស់លោកបូជាចារ្យអើរ៉ុន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។
8 គាត់តាមបុរសនោះរហូតដល់ក្នុងពន្លារបស់គេ ហើយចាក់ទម្លុះអ្នកទាំងពីរនាក់ គឺបុរសអ៊ីស្រាអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចដែលកើតមានក្នុងចំណោមជនជាតិអ៊ីស្រាអែល ក៏ស្ងប់ទៅវិញ។
9 គ្រោះកាចនេះបណ្ដាលឲ្យមនុស្សស្លាប់ទាំងអស់ពីរម៉ឺនបួនពាន់នាក់។
10 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
11 «ភីនេហាស ជាកូនរបស់អេឡាសារ ដែលជាកូនរបស់បូជាចារ្យអើរ៉ុន បានសម្តែងចិត្តឈឺចាប់ជំនួសយើង នៅពេលឃើញអ៊ីស្រាអែលក្បត់ចិត្តយើង។ ទោះបីយើងឈឺចាប់ក្នុងចិត្ត ដោយអ៊ីស្រាអែលក្បត់ចិត្តយើងក្ដី ក៏យើងពុំបានប្រល័យពួកគេឲ្យវិនាសសូន្យដែរ ព្រោះភីនេហាសបានពង្វាងកំហឹងរបស់យើងចេញពីពួកគេ។