57 ចំណែកឯពួកលេវីដែលបានជំរឿន តាមអំបូររបស់ពួកគេមានដូចតទៅ: អំបូរគើរសុនជាពូជពង្សរបស់លោកគើសុន អំបូរកេហាត់ជាពូជពង្សរបស់លោកកេហាត់ និងអំបូរម៉្រារីជាពូជពង្សរបស់លោកម៉្រារី។
58 រីឯអំបូរឯទៀតៗនៃកូនចៅលេវីមានអំបូរលីបនី អំបូរហេប្រូន អំបូរម៉ាស់លី អំបូរមូស៊ី និងអំបូរកូរេ។ លោកកេហាត់ត្រូវជាឪពុករបស់លោកអាំរ៉ាម។
59 ភរិយារបស់លោកអាំរ៉ាមឈ្មោះនាងយ៉ូកិបិត ជាកូនរបស់លេវីដែលកើតនៅស្រុកអេស៊ីប។ នាងបង្កើតកូនជូនលោកអាំរ៉ាមបីនាក់ គឺលោកអើរ៉ុន លោកម៉ូសេ និងនាងម៉ារាម ជាបងស្រីរបស់លោក។
60 លោកអើរ៉ុនបង្កើតបានលោកណាដាប់ លោកអប៊ីហ៊ូវ លោកអេឡាសារ និងលោកអ៊ីថាម៉ារ។
61 លោកណាដាប់ និងលោកអប៊ីហ៊ូវ បានស្លាប់ នៅពេលលោកទាំងពីរយកភ្លើងមិនសក្ការៈទៅថ្វាយព្រះអម្ចាស់។
62 ចំនួនពួកលេវីដែលគេបានជំរឿន គិតចាប់ពីអាយុមួយខែឡើងទៅ មានចំនួន ២៣ ០០០ នាក់។ គេពុំបានរាប់ពួកលេវីបញ្ចូលជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ ព្រោះពួកគេពុំត្រូវទទួលចំណែកទឹកដីជាកេរមត៌ក ក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។
63 នេះជាចំនួនជនជាតិអ៊ីស្រាអែលដែលលោកម៉ូសេ និងបូជាចារ្យអេឡាសារបានជំរឿន នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។