ជន‌គណនា 27:1-4 KHSV

1 ពេល​នោះ កូន​ស្រី​របស់​លោក​ស្លូផិ‌ហាត ជា​ចៅ​របស់​លោក​ហេភើរ ជា​ចៅ‌ទួត​របស់​លោក​កាឡាដ ក្នុង​អំបូរ​ម៉ាកៀរ​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប នាំ​គ្នា​ចូល​មក។ នាង​ទាំង​នោះ​ឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។

2 ពួក​នាង​ចូល​មក​ជួប​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពួក​នាង​ពោល​ថា៖

3 «ឪពុក​យើង​ខ្ញុំ​បាន​ទទួល​មរណ‌ភាព នៅ​វាល​រហោ‌ស្ថាន តែ​គាត់​ពុំ​បាន​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេ ដើម្បី​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ឡើយ គឺ​គាត់​ស្លាប់ ព្រោះ​តែ​បាប​របស់​គាត់​ផ្ទាល់។ ឪពុក​របស់​យើង​ខ្ញុំ​គ្មាន​កូន​ប្រុស​ទេ។

4 មិន​គួរ​ឲ្យ​ឈ្មោះ​របស់​ឪពុក​យើង​ខ្ញុំ ត្រូវ​លុប​បំបាត់​ពី​អំបូរ​របស់​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​នោះ​ឡើយ ហេតុ​នេះ សូម​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បង‌ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។