ជន‌គណនា 28:2-8 KHSV

2 «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នាំ​យក​តង្វាយ និង​អាហារ​សម្រាប់​ដុត​មក​ថ្វាយ​ព្រះ‌អម្ចាស់ ឲ្យ​បាន​តាម​ពេល​កំណត់ គឺ​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។

3 រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ​ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។ តង្វាយ​ដុត​ទាំង​មូល​នេះ​ជា​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា‌និច្ច​និរន្តរ៍​ត​រៀង​ទៅ។

4 ចូរ​ថ្វាយ​កូន​ចៀម​មួយ​នៅ​ពេល​ព្រឹក កូន​ចៀម​មួយ​ទៀត​នៅ​ពេល​ល្ងាច។

5 ត្រូវ​យក​ម្សៅ​ម៉ដ្ដ​មួយ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​ផង។

6 នេះ​ជា​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍​ដែល​គេ​ថ្វាយ​នៅ​លើ​ភ្នំ​ស៊ីណៃ គឺ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

7 ត្រូវ​យក​ស្រា​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​កូន​ចៀម​នីមួយៗ​ផង​ដែរ។ ចូរ​ធ្វើ​ពិធី​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្នុង​ទី‌សក្ការៈ។

8 ចូរ​ថ្វាយ​កូន​ចៀម​ទី​ពីរ​នៅ​ពេល​ល្ងាច ជា​មួយ​តង្វាយ​ម្សៅ ប្រេង និង​ស្រា ដូច​នៅ​ពេល​ព្រឹក​ដែរ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់»។