ជន‌គណនា 28:6-12 KHSV

6 នេះ​ជា​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍​ដែល​គេ​ថ្វាយ​នៅ​លើ​ភ្នំ​ស៊ីណៃ គឺ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

7 ត្រូវ​យក​ស្រា​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​កូន​ចៀម​នីមួយៗ​ផង​ដែរ។ ចូរ​ធ្វើ​ពិធី​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្នុង​ទី‌សក្ការៈ។

8 ចូរ​ថ្វាយ​កូន​ចៀម​ទី​ពីរ​នៅ​ពេល​ល្ងាច ជា​មួយ​តង្វាយ​ម្សៅ ប្រេង និង​ស្រា ដូច​នៅ​ពេល​ព្រឹក​ដែរ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់»។

9 «នៅ​ថ្ងៃ​សប្ប័ទ* អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​ពីរ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង និង​ស្រា​សម្រាប់​ធ្វើ​ពិធី​ច្រួច។

10 រាល់​ថ្ងៃ​សប្ប័ទ ចូរ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នេះ​ថែម​ពី​លើ​តង្វាយ​ដុត និង​ស្រា​ដែល​ត្រូវ​ថ្វាយ​ប្រចាំ​ថ្ងៃ»។

11 «នៅ​ដើម​ខែ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។

12 គោ​នីមួយៗ​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​នឹង​ប្រេង។ ចៀម​ឈ្មោល​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។