8 ចូរថ្វាយកូនចៀមទីពីរនៅពេលល្ងាច ជាមួយតង្វាយម្សៅ ប្រេង និងស្រា ដូចនៅពេលព្រឹកដែរ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។
9 «នៅថ្ងៃសប្ប័ទ* អ្នករាល់គ្នាត្រូវយកកូនចៀមពីរអាយុមួយខួប ល្អឥតខ្ចោះ មកថ្វាយជាមួយម្សៅម៉ដ្ដពីរភាគដប់នៃអេផា* លាយជាមួយប្រេង និងស្រាសម្រាប់ធ្វើពិធីច្រួច។
10 រាល់ថ្ងៃសប្ប័ទ ចូរថ្វាយតង្វាយដុតទាំងមូលនេះថែមពីលើតង្វាយដុត និងស្រាដែលត្រូវថ្វាយប្រចាំថ្ងៃ»។
11 «នៅដើមខែ ត្រូវយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។
12 គោនីមួយៗត្រូវថ្វាយជាមួយម្សៅម៉ដ្ដបីភាគដប់នៃអេផា* លាយនឹងប្រេង។ ចៀមឈ្មោលត្រូវថ្វាយជាមួយម្សៅម៉ដ្ដពីរភាគដប់នៃអេផា លាយជាមួយប្រេង។
13 កូនចៀមនីមួយៗត្រូវថ្វាយជាមួយម្សៅម៉ដ្ដមួយភាគដប់នៃអេផា លាយជាមួយប្រេង។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
14 រីឯស្រាសម្រាប់ធ្វើពិធីច្រួច ត្រូវថ្វាយស្រាទំពាំងបាយជូរកន្លះហ៊ីន*សម្រាប់គោស្ទាវមួយ មួយភាគបីនៃហ៊ីន សម្រាប់ចៀមឈ្មោលមួយ និងមួយភាគបួននៃហ៊ីនសម្រាប់កូនចៀមមួយ។ នេះជាតង្វាយដុតដែលត្រូវថ្វាយនៅដើមខែ គឺក្នុងមួយឆ្នាំៗត្រូវថ្វាយរៀងរាល់ខែ។