36 កូនចៅម៉្រារីទទួលបន្ទុកផ្នែកខាងបន្ទះក្ដាររបស់ព្រះពន្លា រនុក សសរ ជើងសសរ ព្រមទាំងបរិក្ខារ និងអ្វីៗទាំងប៉ុន្មានដែលសម្រាប់ប្រើប្រាស់ជាមួយគ្រឿងទាំងនោះ។
37 ពួកគេក៏ទទួលបន្ទុកផ្នែកខាងសសររបស់ទីលានដែលនៅជុំវិញ ព្រមទាំងជើងសសរ ចម្រឹង និងខ្សែសន្ធឹងដែរ។
38 លោកម៉ូសេ ព្រមទាំងលោកអើរ៉ុន និងកូនចៅរបស់លោក បោះជំរំនៅទិសខាងកើត គឺខាងមុខព្រះពន្លា និងពន្លាជួបព្រះអម្ចាស់។ ពួកលោកទទួលខុសត្រូវចំពោះការងារក្នុងទីសក្ការៈ តាងនាមប្រជាជនអ៊ីស្រាអែលទាំងមូល អ្នកឯទៀតៗចូលមកជិតទីសក្ការៈ នឹងត្រូវទទួលទោសដល់ស្លាប់។
39 ចំនួនក្រុមលេវីដែលព្រះអម្ចាស់បង្គាប់ឲ្យលោកម៉ូសេ និងលោកអើរ៉ុន រាប់តាមអំបូររបស់ពួកគេ ដោយគិតប្រុសៗដែលមានអាយុពីមួយខែឡើងទៅ សរុបទាំងអស់មាន ២២ ០០០ នាក់។
40 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរជំរឿនកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ។ ចូរកត់ត្រាទុកក្នុងបញ្ជី តាមឈ្មោះរបស់គេរៀងៗខ្លួន។
41 ចូរញែកពួកលេវីទុកដោយឡែក សម្រាប់យើង ជាព្រះអម្ចាស់ ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ហើយក៏ញែកហ្វូងសត្វរបស់ពួកលេវី ជំនួសកូនដំបូងទាំងអស់នៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលដែរ»។
42 លោកម៉ូសេជំរឿនចំនួនកូនច្បងទាំងអស់ក្នុងចំណោមកូនចៅអ៊ីស្រាអែល តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។