7 ពួកគេមានភារកិច្ចបំពេញមុខងារបម្រើអើរ៉ុន និងបម្រើសហគមន៍អ៊ីស្រាអែលទាំងមូល នៅមុខពន្លាជួបព្រះអម្ចាស់ គឺពួកគេបម្រើកិច្ចការនៅក្នុងព្រះពន្លា។
8 ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ពន្លាជួបព្រះអម្ចាស់ ហើយបម្រើជនជាតិអ៊ីស្រាអែល ដោយបំពេញមុខងារនៅក្នុងព្រះពន្លា។
9 ចូរប្រគល់កុលសម្ព័ន្ធលេវីទៅឲ្យអើរ៉ុន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកពួកគេចេញពីប្រជាជនអ៊ីស្រាអែល ប្រគល់ផ្ដាច់ឲ្យអើរ៉ុន។
10 ចូរតែងតាំងអើរ៉ុន និងកូនប្រុសៗរបស់គាត់ ឲ្យបំពេញមុខងារជាបូជាចារ្យ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះ នឹងត្រូវទទួលទោសដល់ស្លាប់»។
11 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
12 «យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ពួកលេវីជាចំណែកដែលយើងញែកទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល
13 ដ្បិតកូនច្បងទាំងអស់ជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប យើងបានញែកកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង គឺកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វ ជាចំណែករបស់យើង។ យើងជាព្រះអម្ចាស់»។