ជន‌គណនា 30:11-16 KHSV

11 ពេល​ប្ដី​របស់​នាង​ដឹង តែ​នៅ​ស្ងៀម​មិន​ជំទាស់​ទេ នោះ​នាង​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ស្បថ។

12 ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ប្ដី​របស់​នាង​ដឹង ប្រសិន​បើ​គាត់​ជំទាស់ នោះ​នាង​នឹង​មិន​ជំពាក់​បំណន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ និង​ស្បថ​ឡើយ។ ដោយ​ប្ដី​ចាត់​ទុក​បំណន់ និង​សម្បថ​របស់​នាង​ជា​អសារ‌បង់ ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស​នាង​ទេ។

13 ប្ដី​របស់​នាង​អាច​រក្សា​ទុក ឬ​ចាត់​ទុក​ជា​អសារ‌បង់​នូវ​បំណន់​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់ និង​សម្បថ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ស្បថ​ថា តម​ធ្វើ​ការ​អ្វី​មួយ។

14 នៅ​ថ្ងៃ​ដែល​ប្ដី​បាន​ឮ​ដំណឹង ប្រសិន​បើ​គាត់​នៅ​ស្ងៀម​រហូត​ដល់​ថ្ងៃ​បន្ទាប់ បាន​សេចក្ដី​ថា​គាត់​រក្សា​ទុក​គ្រប់​បំណន់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​សន្យា។ ដោយ​គាត់​នៅ​ស្ងៀម​ក្នុង​ថ្ងៃ​ដែល​គាត់​ឮ​ដំណឹង បាន​សេចក្ដី​ថា​គាត់​យល់​ស្រប។

15 មួយ​ថ្ងៃ​ក្រោយ​បាន​ដឹង​ដំណឹង ប្រសិន​បើ​ប្ដី​ចាត់​ទុក​បំណន់​របស់​នាង​ជា​អសារ‌បង់ គាត់​ត្រូវ​ទទួល​ទោស​ជំនួស​ប្រពន្ធ»។

16 នេះ​ជា​ច្បាប់​ដែល​ព្រះ‌អម្ចាស់​ប្រគល់​មក​លោក​ម៉ូសេ ស្ដី​អំពី​ទំនាក់‌ទំនង​រវាង​ប្ដី និង​ប្រពន្ធ រវាង​ឪពុក និង​កូន​ស្រី​មិន​ទាន់​រៀប‌ការ ដែល​រស់​នៅ​ជា​មួយ​ឪពុក​នៅ​ឡើយ។