2 «ចូរវាយប្រហារជនជាតិម៉ាឌាន ដើម្បីសងសឹកឲ្យជនជាតិអ៊ីស្រាអែល។ បន្ទាប់មក អ្នកនឹងចែកស្ថានទៅជួបជុំជាមួយដូនតារបស់អ្នក»។
3 លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរឲ្យអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារៀបចំខ្លួនប្រដាប់អាវុធ ចេញទៅវាយប្រហារជនជាតិម៉ាឌាន ដើម្បីសងសឹកនឹងពួកគេ ក្នុងនាមព្រះអម្ចាស់។
4 ក្នុងកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល ត្រូវចាត់ពលទាហានមួយពាន់នាក់។
5 ត្រូវជ្រើសរើសទាហានមួយពាន់នាក់ពីកុលសម្ព័ន្ធនីមួយៗ ក្នុងកងពលអ៊ីស្រាអែល គឺកងទ័ពទាំងមូល មានទាហានមួយម៉ឺនពីរពាន់នាក់»។
6 លោកម៉ូសេចាត់ទាហានទាំងនោះទៅច្បាំង ហើយចាត់បូជាចារ្យភីនេហាស ជាកូនរបស់លោកអេឡាសារ ជាអ្នកកាន់គ្រឿងសក្ការៈ និងត្រែសម្រាប់ផ្លុំប្រកាសសឹក ទៅជាមួយដែរ។
7 ពួកគេលើកទ័ពទៅវាយប្រហារជនជាតិម៉ាឌាន តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ពួកគេប្រហារជីវិតប្រុសៗទាំងអស់។
8 ក្នុងពេលនោះ ពួកគេបានប្រហារស្ដេចម៉ាឌានទាំងប្រាំ គឺស្ដេចអេវី ស្ដេចរេគេម ស្ដេចស៊ើរ ស្ដេចហើរ និងស្ដេចរេបា ហើយគេក៏បានសម្លាប់លោកបាឡាម ជាកូនរបស់លោកបេអ៊រ ដោយមុខដាវដែរ។