ជន‌គណនា 31:24-30 KHSV

24 ត្រូវ​លាង​ជម្រះ​សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​ចូល​មក​ក្នុង​ជំរំ​វិញ»។

25 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

26 «ចូរ​អ្នក និង​បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​មេ​ដឹក​នាំ​របស់​សហគមន៍ នាំ​គ្នា​រាប់​ចំនួន​ជយ‌ភ័ណ្ឌ​ដែល​រឹប​អូស​បាន​ក្នុង​សង្គ្រាម ព្រម​ទាំង​ចំនួន​មនុស្ស និង​សត្វ។

27 បន្ទាប់​មក ចូរ​បែង​ចែក​ជយ‌ភ័ណ្ឌ​នេះ​ឲ្យ​អ្នក​ដែល​បាន​ចេញ​ទៅ​ច្បាំង និង​សហគមន៍​ទាំង​មូល។

28 ចូរ​ញែក​ជយ‌ភ័ណ្ឌ ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក​ទៅ​ច្បាំង​មួយ​ផ្នែក ថ្វាយ​ព្រះ‌អម្ចាស់ ពោល​គឺ​ក្នុង​ចំណោម​មនុស្ស​ប្រាំ​រយ​នាក់ ត្រូវ​ញែក​ទុក​ម្នាក់ ហើយ​ក្នុង​ចំណោម​ហ្វូង​គោ ហ្វូង​លា និង​ហ្វូង​ចៀម​ប្រាំ​រយ​ក្បាល ក៏​ត្រូវ​ញែក​ទុក​មួយ​ក្បាល​ដែរ។

29 ចូរ​យក​ចំណែក​ដែល​ញែក​ចេញ​ពី​ជយ‌ភ័ណ្ឌ​របស់​ពួក​ដែល​ចេញ​ទៅ​ច្បាំង ប្រគល់​ឲ្យ​បូជា‌ចារ្យ​អេឡាសារ ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌អម្ចាស់។

30 រីឯ​ជយ‌ភ័ណ្ឌ​ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​យក​មួយ​ភាគ​ហា‌សិប​ពី​ចំនួន​មនុស្ស មួយ​ភាគ​ហា‌សិប​ពី​ហ្វូង​គោ ហ្វូង​លា ហ្វូង​ចៀម និង​សត្វ​ទាំង​អស់ រួច​ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ‌កិច្ច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់»។