ជន‌គណនា 31:7-13 KHSV

7 ពួក​គេ​លើក​ទ័ព​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ពួក​គេ​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​អស់។

8 ក្នុង​ពេល​នោះ ពួក​គេ​បាន​ប្រហារ​ស្ដេច​ម៉ាឌាន​ទាំង​ប្រាំ គឺ​ស្ដេច​អេវី ស្ដេច​រេគេម ស្ដេច​ស៊ើរ ស្ដេច​ហើរ និង​ស្ដេច​រេបា ហើយ​គេ​ក៏​បាន​សម្លាប់​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ ដោយ​មុខ​ដាវ​ដែរ។

9 កង‌ទ័ព​អ៊ីស្រា‌អែល​បាន​នាំ​យក​ស្ត្រី​របស់​ជន‌ជាតិ​ម៉ាឌាន និង​កូនៗ​របស់​គេ​មក​ជា​ឈ្លើយ​សឹក ព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​តូច​ធំ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ទៀត​ផង។

10 កង‌ទ័ព​អ៊ីស្រា‌អែល​ដុត​កម្ទេច​ទីក្រុង និង​ជំរំ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​ម៉ាឌាន។

11 បន្ទាប់​មក ពួក​គេ​ប្រមូល​ជយ‌ភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​យក​បាន ទាំង​មនុស្ស ទាំង​សត្វ

12 ហើយ​នាំ​ឈ្លើយ​សឹក និង​ជយ‌ភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​បាន មក​ជូន​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

13 លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ និង​មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍ បាន​ចេញ​មក​ជួប​ពួក​គេ​នៅ​ក្រៅ​ជំរំ។