8 ក្នុងពេលនោះ ពួកគេបានប្រហារស្ដេចម៉ាឌានទាំងប្រាំ គឺស្ដេចអេវី ស្ដេចរេគេម ស្ដេចស៊ើរ ស្ដេចហើរ និងស្ដេចរេបា ហើយគេក៏បានសម្លាប់លោកបាឡាម ជាកូនរបស់លោកបេអ៊រ ដោយមុខដាវដែរ។
9 កងទ័ពអ៊ីស្រាអែលបាននាំយកស្ត្រីរបស់ជនជាតិម៉ាឌាន និងកូនៗរបស់គេមកជាឈ្លើយសឹក ព្រមទាំងរឹបអូសយកហ្វូងសត្វតូចធំ និងទ្រព្យសម្បត្តិរបស់ពួកគេទៀតផង។
10 កងទ័ពអ៊ីស្រាអែលដុតកម្ទេចទីក្រុង និងជំរំទាំងប៉ុន្មានរបស់ជនជាតិម៉ាឌាន។
11 បន្ទាប់មក ពួកគេប្រមូលជយភ័ណ្ឌដែលពួកគេរឹបអូសយកបាន ទាំងមនុស្ស ទាំងសត្វ
12 ហើយនាំឈ្លើយសឹក និងជយភ័ណ្ឌដែលពួកគេរឹបអូសបាន មកជូនលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
13 លោកម៉ូសេ បូជាចារ្យអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។
14 លោកម៉ូសេខឹងនឹងពួកមេទ័ព ពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ដែលវិលមកពីច្បាំងនោះ។