16 កូនចៅកាដ និងកូនចៅរូបេន ចូលមកជិតលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំនឹងសង់របងនៅទីនេះ សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយសង់ក្រុងសម្រាប់កូនចៅរបស់យើងខ្ញុំ។
17 បន្ទាប់មក យើងខ្ញុំប្រញាប់ប្រញាល់រៀបចំខ្លួនប្រដាប់អាវុធ ដើរនៅមុខអ៊ីស្រាអែល រហូតទាល់តែយើងខ្ញុំនាំពួកគេចូលទៅដល់ទឹកដីរបស់ពួកគេ។ កូនចៅរបស់យើងខ្ញុំនឹងរស់នៅក្នុងក្រុងដែលមានកំពែងរឹងមាំ ការពារមិនឲ្យអ្នកស្រុកនេះធ្វើអ្វីពួកគេបាន។
18 រីឯយើងខ្ញុំវិញ យើងខ្ញុំមិនវិលត្រឡប់មកកាន់ផ្ទះសំបែង មុនពេលជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដី ទុកជាចំណែកមត៌ករបស់គេរៀងៗខ្លួនឡើយ។
19 បើយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ទុកជាចំណែកមត៌ក យើងខ្ញុំនឹងមិនទទួលទឹកដីនៅខាងលិចទន្លេយ័រដាន់ ទុកជាមត៌ករបស់យើងខ្ញុំទេ»។
20 លោកម៉ូសេមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាធ្វើតាមពាក្យនេះមែន ហើយបើអ្នករាល់គ្នាត្រៀមខ្លួនធ្វើសឹក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
21 ប្រសិនបើអ្នកទាំងអស់គ្នាប្រដាប់អាវុធ ឆ្លងទន្លេយ័រដាន់ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រហូតទាល់តែព្រះអង្គបណ្ដេញខ្មាំងសត្រូវចេញពីទឹកដីនោះ
22 ហើយប្រសិនបើអ្នករាល់គ្នាវិលត្រឡប់វិញ នៅពេលយើងយកស្រុកមកថ្វាយព្រះអម្ចាស់បាន អ្នករាល់គ្នានឹងរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាសន្យាចំពោះព្រះអម្ចាស់ និងចំពោះជនជាតិអ៊ីស្រាអែល។ អ្នករាល់គ្នាអាចនឹងទទួលតំបន់នេះជាកម្មសិទ្ធិរបស់អ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។