ជន‌គណនា 32:18-24 KHSV

18 រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​មិន​វិល​ត្រឡប់​មក​កាន់​ផ្ទះ​សំបែង មុន​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​កាប់​ទឹក​ដី ទុក​ជា​ចំណែក​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​ឡើយ។

19 បើ​យើង​ខ្ញុំ​ទទួល​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ ទុក​ជា​ចំណែក​មត៌ក យើង​ខ្ញុំ​នឹង​មិន​ទទួល​ទឹក​ដី​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ទុក​ជា​មត៌ក​របស់​យើង​ខ្ញុំ​ទេ»។

20 លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ពាក្យ​នេះ​មែន ហើយ​បើ​អ្នក​រាល់​គ្នា​ត្រៀម​ខ្លួន​ធ្វើ​សឹក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់

21 ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ប្រដាប់​អាវុធ ឆ្លង​ទន្លេ​យ័រដាន់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រហូត​ទាល់​តែ​ព្រះ‌អង្គ​បណ្ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​ទឹក​ដី​នោះ

22 ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​វិញ នៅ​ពេល​យើង​យក​ស្រុក​មក​ថ្វាយ​ព្រះ‌អម្ចាស់​បាន អ្នក​រាល់​គ្នា​នឹង​រួច​ខ្លួន​ពី​ពាក្យ​ដែល​អ្នក​រាល់​គ្នា​សន្យា​ចំពោះ​ព្រះ‌អម្ចាស់ និង​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។ អ្នក​រាល់​គ្នា​អាច​នឹង​ទទួល​តំបន់​នេះ​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

23 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ដូច្នេះ​ទេ បាន​សេចក្ដី​ថា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​មិន​ខាន។

24 ចូរ​សង់​ក្រុង​សម្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​សង់​របង​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា រួច​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​នោះ​ចុះ!»។