2 កូនចៅកាដ និងកូនចៅរូបេន នាំគ្នាមកជម្រាបលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំរបស់សហគមន៍ដូចតទៅ៖
3 «ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើរ នីមរ៉ា ហែសបូន អេឡាលេ សេបាំ នេបូ និងបេអូន
4 នៅក្នុងស្រុកដែលព្រះអម្ចាស់វាយយកបាន នៅចំពោះមុខសហគមន៍អ៊ីស្រាអែល ជាស្រុកដ៏ល្អសម្រាប់ហ្វូងសត្វ ហើយយើងខ្ញុំមានហ្វូងសត្វច្រើនណាស់»។
5 ពួកគេពោលទៀតថា៖ «ប្រសិនបើលោកយល់អធ្យាស្រ័យយើងខ្ញុំ សូមមេត្តាប្រគល់ស្រុកនេះឲ្យយើងខ្ញុំមក គឺមិនបាច់ឲ្យយើងខ្ញុំឆ្លងទន្លេយ័រដាន់ឡើយ»។
6 លោកម៉ូសេឆ្លើយទៅកូនចៅកាដ និងកូនចៅរូបេនវិញថា៖ «ក្នុងពេលដែលបងប្អូនរបស់អ្នករាល់គ្នាចេញទៅច្បាំង តើគួរឲ្យអ្នករាល់គ្នាសំងំនៅទីនេះឬ?
7 ហេតុអ្វីបានជាអ្នករាល់គ្នាចង់ធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេ?
8 ឪពុករបស់អ្នករាល់គ្នាក៏ធ្លាប់ធ្វើដូច្នេះ នៅពេលខ្ញុំចាត់ពួកគេ ពីកាដេស-បារនាឲ្យទៅពិនិត្យមើលស្រុកដែរ។