23 ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ បានសេចក្ដីថាអ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ហើយអ្នករាល់គ្នាមុខជាទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួនមិនខាន។
24 ចូរសង់ក្រុងសម្រាប់កូនចៅរបស់អ្នករាល់គ្នា និងសង់របងវាលស្មៅសម្រាប់ហ្វូងចៀមរបស់អ្នករាល់គ្នា រួចធ្វើតាមពាក្យដែលអ្នករាល់គ្នាបានសន្យានោះចុះ!»។
25 កូនចៅកាដ និងកូនចៅរូបេន ជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំប្របាទនឹងធ្វើតាមពាក្យដែលលោកម្ចាស់បង្គាប់។
26 យើងខ្ញុំនឹងទុកកូនចៅ ប្រពន្ធ ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំនៅតាមក្រុងនានា ក្នុងស្រុកកាឡាដនេះ
27 ហើយយើងខ្ញុំនឹងរៀបចំខ្លួនជាកងទ័ព ទៅធ្វើសឹកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមប្រសាសន៍របស់លោកម្ចាស់»។
28 លោកម៉ូសេបានចេញបញ្ជាទៅបូជាចារ្យអេឡាសារ លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងមេដឹកនាំអំបូរនានានៃកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែល ស្ដីអំពីកុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធរូបេន។
29 លោកមានប្រសាសន៍ថា៖ «ប្រសិនបើកូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ជាមួយអ្នករាល់គ្នា ទាំងប្រដាប់អាវុធធ្វើសឹកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ពេលណាអ្នករាល់គ្នាដណ្ដើមយកបានស្រុកនោះហើយ ចូរប្រគល់ទឹកដីនៅស្រុកកាឡាដឲ្យពួកគេ ទុកជាកម្មសិទ្ធិចុះ។