26 យើងខ្ញុំនឹងទុកកូនចៅ ប្រពន្ធ ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំនៅតាមក្រុងនានា ក្នុងស្រុកកាឡាដនេះ
27 ហើយយើងខ្ញុំនឹងរៀបចំខ្លួនជាកងទ័ព ទៅធ្វើសឹកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមប្រសាសន៍របស់លោកម្ចាស់»។
28 លោកម៉ូសេបានចេញបញ្ជាទៅបូជាចារ្យអេឡាសារ លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងមេដឹកនាំអំបូរនានានៃកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែល ស្ដីអំពីកុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធរូបេន។
29 លោកមានប្រសាសន៍ថា៖ «ប្រសិនបើកូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ជាមួយអ្នករាល់គ្នា ទាំងប្រដាប់អាវុធធ្វើសឹកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ពេលណាអ្នករាល់គ្នាដណ្ដើមយកបានស្រុកនោះហើយ ចូរប្រគល់ទឹកដីនៅស្រុកកាឡាដឲ្យពួកគេ ទុកជាកម្មសិទ្ធិចុះ។
30 ក៏ប៉ុន្តែ ប្រសិនបើពួកគេមិនប្រដាប់អាវុធទៅជាមួយអ្នករាល់គ្នាទេ ចូរឲ្យពួកគេតាំងទីលំនៅ ក្នុងស្រុកកាណានជាមួយអ្នករាល់គ្នា»។
31 កូនចៅកាដ និងកូនចៅរូបេន ឆ្លើយឡើងថា៖ «យើងខ្ញុំនឹងធ្វើតាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើងខ្ញុំ។
32 យើងខ្ញុំនឹងប្រដាប់អាវុធ ឆ្លងទៅស្រុកកាណាននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តែសូមឲ្យយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ជាចំណែកមត៌ក»។