5 ពួកគេពោលទៀតថា៖ «ប្រសិនបើលោកយល់អធ្យាស្រ័យយើងខ្ញុំ សូមមេត្តាប្រគល់ស្រុកនេះឲ្យយើងខ្ញុំមក គឺមិនបាច់ឲ្យយើងខ្ញុំឆ្លងទន្លេយ័រដាន់ឡើយ»។
6 លោកម៉ូសេឆ្លើយទៅកូនចៅកាដ និងកូនចៅរូបេនវិញថា៖ «ក្នុងពេលដែលបងប្អូនរបស់អ្នករាល់គ្នាចេញទៅច្បាំង តើគួរឲ្យអ្នករាល់គ្នាសំងំនៅទីនេះឬ?
7 ហេតុអ្វីបានជាអ្នករាល់គ្នាចង់ធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេ?
8 ឪពុករបស់អ្នករាល់គ្នាក៏ធ្លាប់ធ្វើដូច្នេះ នៅពេលខ្ញុំចាត់ពួកគេ ពីកាដេស-បារនាឲ្យទៅពិនិត្យមើលស្រុកដែរ។
9 ពួកគេបានឡើងទៅដល់ជ្រលងភ្នំអេសកុល ហើយបន្ទាប់ពីបានពិនិត្យមើលស្រុករួច ពួកគេធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេ។
10 នៅថ្ងៃនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា:
11 “អស់អ្នកដែលបានចេញមកពីស្រុកអេស៊ីប ហើយមានអាយុពីម្ភៃឆ្នាំឡើងទៅ នឹងមិនឃើញទឹកដី ដែលយើងបានសន្យាប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ព្រោះពួកគេពុំបានដើរតាមមាគ៌ារបស់យើង ដោយចិត្តស្មោះត្រង់ទេ។