9 ពួកគេបានឡើងទៅដល់ជ្រលងភ្នំអេសកុល ហើយបន្ទាប់ពីបានពិនិត្យមើលស្រុករួច ពួកគេធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេ។
10 នៅថ្ងៃនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា:
11 “អស់អ្នកដែលបានចេញមកពីស្រុកអេស៊ីប ហើយមានអាយុពីម្ភៃឆ្នាំឡើងទៅ នឹងមិនឃើញទឹកដី ដែលយើងបានសន្យាប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ព្រោះពួកគេពុំបានដើរតាមមាគ៌ារបស់យើង ដោយចិត្តស្មោះត្រង់ទេ។
12 មានតែកាលែប ជាកូនរបស់យេភូនេ ជាជនជាតិគេណាស និងយ៉ូស្វេ ជាកូនរបស់នូនប៉ុណ្ណោះ ដែលបានដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់”។
13 ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែល ហើយព្រះអង្គបានធ្វើឲ្យពួកគេដើរវិលវល់ នៅក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែមនុស្សមួយជំនាន់ ដែលបានប្រព្រឹត្តអំពើអាក្រក់ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ត្រូវបាត់បង់ជីវិតអស់។
14 ឥឡូវនេះ មើល! អ្នករាល់គ្នាចង់យកតម្រាប់តាមឪពុករបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាជាពូជមនុស្សបាប។ តើអ្នករាល់គ្នាចង់ឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឬ?
15 ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីព្រះអង្គ នោះព្រះអង្គនឹងបណ្ដោយឲ្យជនជាតិអ៊ីស្រាអែលរស់នៅក្នុងវាលរហោស្ថានតទៅមុខទៀត ហើយអ្នករាល់គ្នាបណ្ដាលឲ្យប្រជាជននេះត្រូវវិនាសទាំងអស់!»។