2 លោកម៉ូសេបានកត់ត្រាទុកពីដំណាក់មួយទៅដំណាក់មួយ ដែលពួកគេធ្វើដំណើរតាមព្រះបញ្ជារបស់ព្រះអម្ចាស់។ ពួកគេឆ្លងកាត់ដំណាក់ដូចតទៅ:
3 ពួកគេបានចេញដំណើរពីក្រុងរ៉ាមសេស នៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ ក្រោយពិធីបុណ្យចម្លង*មួយថ្ងៃ ជនជាតិអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីបដោយមានសេរីភាព នៅចំពោះមុខជនជាតិអេស៊ីបទាំងអស់។
4 ពេលនោះ ជនជាតិអេស៊ីបបញ្ចុះសពកូនច្បងទាំងអស់របស់ពួកគេ ដែលព្រះអម្ចាស់ប្រហារ។ ធ្វើដូច្នេះ ព្រះអម្ចាស់បានវិនិច្ឆ័យទោសព្រះទាំងឡាយរបស់ជនជាតិអេស៊ីប។
5 ជនជាតិអ៊ីស្រាអែលនាំគ្នាចាកចេញពីក្រុងរ៉ាមសេសមកបោះជំរំនៅស៊ូកូត។
6 ពួកគេចាកចេញពីស៊ូកូត មកបោះជំរំនៅអេថាម ដែលស្ថិតនៅជាយវាលរហោស្ថាន។
7 ពួកគេចាកចេញពីអេថាម វាងទៅពីហាហ៊ីរ៉ុត ដែលស្ថិតនៅទល់មុខនឹងបាលសេផុន ហើយបោះជំរំនៅក្បែរមីកដុល។
8 ពួកគេចាកចេញពីពីហាហ៊ីរ៉ុត ឆ្លងកាត់បាតសមុទ្រ ឆ្ពោះទៅកាន់វាលរហោស្ថាន ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថានអេថាម មកបោះជំរំនៅម៉ារ៉ា។