1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ ដូចតទៅ៖
2 «ចូរបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យប្រគល់ទីក្រុង ដែលស្ថិតនៅលើទឹកដីជាចំណែកមត៌ករបស់ខ្លួន ឲ្យពួកលេវីរស់នៅផង ហើយក៏ត្រូវប្រគល់ដីនៅជុំវិញក្រុងទាំងនោះឲ្យពួកលេវីដែរ។
3 ដូច្នេះ ពួកគេនឹងមានក្រុងសម្រាប់រស់នៅ ហើយមានដីសម្រាប់ហ្វូងសត្វ និងសម្រាប់សត្វពាហនៈឯទៀតៗ ដែលជាកម្មសិទ្ធិរបស់ពួកគេ។
4 ចូរវាស់ដីជុំវិញទីក្រុងប្រគល់ឲ្យពួកគេ ដោយគិតចាប់ពីកំពែងក្រុងចេញទៅក្រៅ ប្រវែងមួយពាន់ហត្ថ។
5 រីឯក្បាលដីនៅខាងក្រៅទីក្រុង ប៉ែកខាងកើតត្រូវវាស់ប្រវែងពីរពាន់ហត្ថ ប៉ែកខាងត្បូងប្រវែងពីរពាន់ហត្ថ ប៉ែកខាងលិចប្រវែងពីរពាន់ហត្ថ ប៉ែកខាងជើងប្រវែងពីរពាន់ហត្ថ។ នេះជាដីដែលនៅជុំវិញក្រុងរបស់ពួកគេ ហើយទីក្រុងត្រូវស្ថិតនៅចំកណ្ដាលដីនោះ។
6 ក្រុងដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី មានក្រុងសម្រាប់ជាជម្រកដល់អ្នកដែលសម្លាប់គេ ចំនួនប្រាំមួយ និងក្រុងឯទៀតៗចំនួនសែសិបពីរ។