13 ពួកគេត្រូវយកផេះចេញពីអាសនៈ ហើយយកក្រណាត់ពណ៌ក្រហមក្រាលពីលើអាសនៈនោះ។
14 បន្ទាប់មក ត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលប្រើប្រាស់ជាមួយអាសនៈនោះ គឺមានភាជន៍ដាក់រងើកភ្លើង សម ប្រដាប់ចូក ផើង និងគ្រឿងបរិក្ខារទាំងប៉ុន្មានទៀតសម្រាប់អាសនៈ ដាក់ពីលើអាសនៈ ហើយយកស្បែកផ្សោតមករុំ រួចស៊កឈើសម្រាប់សែង។
15 នៅពេលលើកជំរំ កាលអើរ៉ុន និងកូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ហើយ កូនចៅកេហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅកេហាត់នៅក្នុងពន្លាជួបព្រះអម្ចាស់។
16 អេឡាសារជាកូនរបស់បូជាចារ្យអើរ៉ុន ទទួលខុសត្រូវលើប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅអចិន្ត្រៃយ៍ និងប្រេងសម្រាប់ពិធីលាបប្រេង។ គាត់ក៏មើលខុសត្រូវលើព្រះពន្លាទាំងមូល និងអ្វីៗទាំងអស់នៅក្នុងព្រះពន្លា ព្រមទាំងទីសក្ការៈ និងគ្រឿងបរិក្ខារផ្សេងៗ នៅក្នុងទីសក្ការៈ»។
17 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖
18 «មិនត្រូវដកអំបូរកេហាត់ចេញពីកុលសម្ព័ន្ធលេវីឡើយ។
19 ពេលណាអំបូរកេហាត់ចូលមកជិតទីសក្ការៈបំផុត អើរ៉ុន និងកូនចៅរបស់គាត់ត្រូវចាត់ចែងឲ្យពួកគេបំពេញមុខងារ និងភារកិច្ចរៀងៗខ្លួន ធ្វើដូច្នេះ ពួកគេនឹងរស់រានមានជីវិត ឥតស្លាប់ឡើយ។