ជន‌គណនា 4:14-20 KHSV

14 បន្ទាប់​មក ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ​នោះ គឺ​មាន​ភាជន៍​ដាក់​រងើក​ភ្លើង សម ប្រដាប់​ចូក ផើង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ទៀត​សម្រាប់​អាសនៈ ដាក់​ពី​លើ​អាសនៈ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ រួច​ស៊ក​ឈើ​សម្រាប់​សែង។

15 នៅ​ពេល​លើក​ជំរំ កាល​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ ចប់​សព្វ​គ្រប់​ហើយ កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារ‌កិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

16 អេឡាសារ​ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន ទទួល​ខុស​ត្រូវ​លើ​ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប តង្វាយ​ម្សៅ​អចិន្ត្រៃយ៍ និង​ប្រេង​សម្រាប់​ពិធី​លាប​ប្រេង។ គាត់​ក៏​មើល​ខុស​ត្រូវ​លើ​ព្រះ‌ពន្លា​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ព្រម​ទាំង​ទី‌សក្ការៈ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ នៅ​ក្នុង​ទី‌សក្ការៈ»។

17 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖

18 «មិន​ត្រូវ​ដក​អំបូរ​កេហាត់​ចេញ​ពី​កុល‌សម្ព័ន្ធ​លេវី​ឡើយ។

19 ពេល​ណា​អំបូរ​កេហាត់​ចូល​មក​ជិត​ទី‌សក្ការៈ​បំផុត អើរ៉ុន និង​កូន​ចៅ​របស់​គាត់​ត្រូវ​ចាត់​ចែង​ឲ្យ​ពួក​គេ​បំពេញ​មុខ‌ងារ និង​ភារ‌កិច្ច​រៀងៗ​ខ្លួន ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រស់​រាន​មាន​ជីវិត ឥត​ស្លាប់​ឡើយ។

20 ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​មើល​គ្រឿង​សក្ការៈ​ជា​ដាច់​ខាត សូម្បី​តែ​មួយ‌ភ្លែត​ក៏​មិន​បាន​ដែរ ក្រែង​លោ​បាត់​បង់​ជីវិត»។