ជន‌គណនា 4:9-15 KHSV

9 ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ជើង​ចង្កៀង​សម្រាប់​បំភ្លឺ ចង្កៀង ឃ្នាប​ប្រឆេះ ភាជន៍​ដាក់​កម្ទេច និង​ដប​ប្រេង​ទាំង​ប៉ុន្មាន សម្រាប់​ដុត​ចង្កៀង​នោះ

10 ហើយ​យក​ស្បែក​ផ្សោត​មក​ខ្ចប់​រួម​ជា​មួយ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ប្រើ​ជា​មួយ​របស់​ទាំង​នោះ រួច​យក​ទៅ​ដាក់​នៅ​លើ​ប្រដាប់​សម្រាប់​សែង។

11 ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​ក្រាល​លើ​អាសនៈ​មាស ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ស៊ក​ឈើ​សម្រាប់​សែង។

12 ពួក​គេ​ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ មក​ខ្ចប់​ក្នុង​ក្រណាត់​ពណ៌​ស្វាយ​មួយ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ដាក់​លើ​ប្រដាប់​សម្រាប់​ស្នែង។

13 ពួក​គេ​ត្រូវ​យក​ផេះ​ចេញ​ពី​អាសនៈ ហើយ​យក​ក្រណាត់​ពណ៌​ក្រហម​ក្រាល​ពី​លើ​អាសនៈ​នោះ។

14 បន្ទាប់​មក ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ​នោះ គឺ​មាន​ភាជន៍​ដាក់​រងើក​ភ្លើង សម ប្រដាប់​ចូក ផើង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ទៀត​សម្រាប់​អាសនៈ ដាក់​ពី​លើ​អាសនៈ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ រួច​ស៊ក​ឈើ​សម្រាប់​សែង។

15 នៅ​ពេល​លើក​ជំរំ កាល​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ ចប់​សព្វ​គ្រប់​ហើយ កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារ‌កិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។