18 បូជាចារ្យឲ្យស្ត្រីនោះឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយយកស្បៃចេញពីក្បាលរបស់នាង។ លោកដាក់តង្វាយចង់ដឹងការពិតអំពីកំហុស ជាតង្វាយនៃការប្រច័ណ្ឌនោះ ទៅក្នុងដៃរបស់នាង។ រីឯលោកវិញ លោកកាន់ទឹកសម្បថ ដែលនាំឲ្យត្រូវបណ្ដាសា ក្នុងដៃរបស់លោកផ្ទាល់។
19 បូជាចារ្យប្រាប់ឲ្យនាងស្បថ រួចពោលថា “ប្រសិនបើគ្មានបុរសផ្សេងរួមដំណេកជាមួយនាង ក្នុងពេលនាងរួមរស់ជាមួយប្ដី ហើយប្រសិនបើនាងមិនបានក្បត់ចិត្តប្ដី ទៅប្រព្រឹត្តអំពើសៅហ្មងទេ នោះសូមកុំឲ្យទឹកសម្បថនេះនាំបណ្ដាសាមកលើនាងឡើយ។
20 ផ្ទុយទៅវិញ ក្នុងពេលនាងនៅរួមរស់ជាមួយប្ដី នាងបានក្បត់ចិត្តប្ដី ទៅប្រព្រឹត្តអំពើសៅហ្មង ដោយរួមដំណេកជាមួយប្រុសដទៃក្រៅពីប្ដីរបស់ខ្លួន
21 នោះសូមព្រះអម្ចាស់ធ្វើឲ្យនាងត្រូវបណ្ដាសា និងទទួលទោស តាមពាក្យដែលនាងបានស្បថស្បែ សូមព្រះអង្គធ្វើឲ្យនាងក្លាយទៅជាស្ត្រីអារ និងធ្វើឲ្យនាងប៉ោងពោះ ហើយប្រជាជនយកឈ្មោះនាងទៅដាក់បណ្ដាសាគ្នា។
22 សូមទឹកសម្បថនេះចូលទៅក្នុងពោះរបស់នាង ធ្វើឲ្យនាងប៉ោងពោះ ហើយក្លាយទៅជាស្ត្រីអារ!”។ នាងត្រូវឆ្លើយថា “សូមឲ្យកើតមានដូច្នោះមែន! អាម៉ែន!”។
23 បូជាចារ្យត្រូវសរសេរពាក្យសម្បថទុកក្នុងសៀវភៅមួយ រួចយកទឹកសម្បថនោះមកលុប។
24 បន្ទាប់មក លោកឲ្យទឹកសម្បថទៅនាងផឹក ទឹកសម្បថនោះចូលទៅក្នុងពោះនាង ធ្វើឲ្យនាងឈឺចុកចាប់។