25 បូជាចារ្យទទួលយកតង្វាយនៃការប្រច័ណ្ឌពីដៃនាង លោកធ្វើពិធីលើកតង្វាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយយកតង្វាយនោះទៅដាក់នៅលើអាសនៈ។
26 បូជាចារ្យត្រូវយកតង្វាយម្សៅមួយក្ដាប់ធ្វើជាទីរំឭក ហើយដុតនៅលើអាសនៈ។ បន្ទាប់មក ទើបលោកបង្គាប់ឲ្យស្ត្រីនោះផឹកទឹក។
27 ក្រោយពីឲ្យនាងផឹកទឹករួចហើយ ប្រសិនបើនាងពិតជាសៅហ្មង ហើយក្បត់ចិត្តប្ដីរបស់ខ្លួនមែន ទឹកសម្បថដែលចូលទៅក្នុងពោះនាង នឹងបណ្ដាលឲ្យនាងឈឺចាប់ ប៉ោងពោះ ទៅជាស្ត្រីអារ។ ស្ត្រីនោះនឹងត្រូវបណ្ដាសា ហើយប្រជាជននឹងយកឈ្មោះនាងទៅដាក់បណ្ដាសាគ្នា។
28 ផ្ទុយទៅវិញ ប្រសិនបើនាងពុំបានប្រព្រឹត្តអំពើសៅហ្មង គឺនាងមិនបានក្បត់ប្ដីទេ នោះនាងនឹងបានរួចខ្លួន ហើយនាងនឹងមានកូនចៅ។
29 នេះជាក្រឹត្យវិន័យស្ដីអំពីការប្រច័ណ្ឌ ក្នុងករណីស្ត្រីដែលនៅរួមរស់ជាមួយប្ដី ហើយបែរទៅប្រព្រឹត្តអំពើសៅហ្មង
30 និងក្នុងករណីប្ដីដែលមានចិត្តប្រច័ណ្ឌ សង្ស័យថាប្រពន្ធក្បត់ចិត្តខ្លួន។ បូជាចារ្យត្រូវនាំស្ត្រីមកឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ហើយអនុវត្តសព្វគ្រប់ទាំងអស់តាមក្រឹត្យវិន័យនេះ។
31 ពេលនោះ ប្ដីគ្មានទោសអ្វីទេ រីឯប្រពន្ធវិញ នាងត្រូវទទួលផលវិបាកតាមអំពើបាបរបស់ខ្លួន»។