ជន‌គណនា 6:14-20 KHSV

14 គាត់​ត្រូវ​យក​កូន​ចៀម​ល្អ​ឥត​ខ្ចោះ​មួយ​អាយុ​មួយ​ខួប មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល កូន​ចៀម​ញី​ល្អ​ឥត​ខ្ចោះ​មួយ​អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​រំដោះ​បាប និង​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ មក​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។

15 គាត់​ក៏​ត្រូវ​យក​ល្អី​មួយ​ដែល​មាន​ដាក់​នំប៉័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​លាប​ប្រេង​ពី​លើ ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ សម្រាប់​ច្រួច​លើ​យញ្ញ‌បូជា មក​ជា​មួយ​ផង។

16 បូជា‌ចារ្យ​យក​តង្វាយ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប និង​តង្វាយ​ដុត​ទាំង​មូល។

17 លោក​ថ្វាយ​ចៀម​ឈ្មោល​ទៅ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​មេត្រី‌ភាព ថែម​ពី​លើ​ល្អី​នំប៉័ង​ឥត​មេ។ បូជា‌ចារ្យ​ក៏​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ និង​ធ្វើ​ពិធី​ច្រួច‌ស្រា​ទំពាំង‌បាយជូរ​ដែរ។

18 ពេល​នោះ អ្នក​ណាសា‌រីត​ត្រូវ​កោរ​សក់​សក្ការៈ​របស់​ខ្លួន នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ រួច​យក​សក់​សក្ការៈ​របស់​ខ្លួន​ទៅ​ដុត​ក្នុង​ភ្លើង​ស្ថិត​នៅ​ពី​ក្រោម​អាសនៈ ដែល​គេ​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព។

19 បូជា‌ចារ្យ​យក​សាច់​ចំឡក​របស់​ចៀម​ឈ្មោល​ដែល​ដុត​ចំអិន​រួច​ហើយ ព្រម​ទាំង​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ និង​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​ពី​ក្នុង​ល្អី​នោះ មក​ដាក់​ក្នុង​ដៃ​អ្នក​ណាសា‌រីត ដែល​ទើប​នឹង​កោរ​សក់​សក្ការៈ។

20 បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ តង្វាយ​ទាំង​នោះ​ត្រូវ​រាប់​ជា​សក្ការៈ ហើយ​ញែក​ជូន​បូជា‌ចារ្យ​ថែម​ពី​លើ​សាច់​ទ្រូង និង​សាច់​ភ្លៅ។ បន្ទាប់​មក អ្នក​ណាសា‌រីត​អាច​បរិភោគ​ស្រា​ទំពាំង‌បាយជូរ​បាន។