11 អើរ៉ុនត្រូវធ្វើពិធីញែកពួកលេវី ទុកជាតង្វាយដែលកូនចៅអ៊ីស្រាអែលយកមកថ្វាយយើង ដើម្បីឲ្យបម្រើយើង។
12 ពួកលេវីត្រូវដាក់ដៃលើក្បាលគោបាទាំងពីរ រួចហើយអ្នកត្រូវថ្វាយគោមួយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល ដើម្បីជម្រះពួកលេវីឲ្យរួចពីបាប។
13 បន្ទាប់មក ចូរឲ្យពួកលេវីឈរនៅមុខអើរ៉ុន និងកូនចៅរបស់គាត់ ហើយអ្នកត្រូវធ្វើពិធីញែកពួកគេទុកជាតង្វាយសម្រាប់យើង។
14 ចូរញែកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ហើយពួកលេវីនឹងបានជាចំណែករបស់យើង។
15 បន្ទាប់មកទៀត ពួកលេវីត្រូវមកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ អ្នកត្រូវជម្រះពួកគេឲ្យបរិសុទ្ធ និងធ្វើពិធីញែកពួកគេទុកជាតង្វាយសម្រាប់យើងបែបនេះឯង។
16 យើងញែកពួកគេពីចំណោមជនជាតិអ៊ីស្រាអែល ទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល
17 ដ្បិតកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល និងកូនដំបូងនៃហ្វូងសត្វរបស់គេ ត្រូវបានជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប យើងបានញែកកូនច្បងរបស់ជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង។