20 លោកម៉ូសេ លោកអើរ៉ុន និងសហគមន៍អ៊ីស្រាអែលទាំងមូល នាំគ្នាអនុវត្តតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ស្ដីអំពីពួកលេវី។
21 ពួកលេវីនាំគ្នាធ្វើពិធីជម្រះកាយ និងបោកសម្លៀកបំពាក់របស់ខ្លួន។ លោកអើរ៉ុនបានធ្វើពិធីញែកពួកគេថ្វាយព្រះអម្ចាស់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ហើយធ្វើពិធីលោះបាបពួកគេ និងជម្រះពួកគេឲ្យបរិសុទ្ធ។
22 បន្ទាប់មក ពួកលេវីនាំគ្នាមកបំពេញមុខងាររបស់ខ្លួននៅក្នុងពន្លាជួបព្រះអម្ចាស់ ក្រោមការទទួលខុសត្រូវរបស់លោកអើរ៉ុន និងកូនចៅរបស់លោក។ គេបានអនុវត្តតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ស្ដីអំពីពួកលេវី។
23 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
24 «ពួកលេវីដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវចូលទៅបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ទាំងអស់គ្នា។
25 ចាប់ពីអាយុហាសិបឆ្នាំទៅ គេនឹងចូលនិវត្តន៍ លែងបម្រើយើងទៀតហើយ។
26 គេនឹងជួយបងប្អូនរបស់ខ្លួននៅក្នុងពន្លាជួបព្រះអម្ចាស់ មើលថែទាំអ្វីៗដែលជាភារកិច្ចរបស់ខ្លួន ប៉ុន្តែ គេលែងមានបន្ទុកបម្រើយើងទៀតហើយ។ អ្នកត្រូវប្រព្រឹត្តដូច្នេះ ចំពោះពួកលេវី តាមភារកិច្ចរបស់ពួកគេ»។