ជន‌គណនា 8:8-14 KHSV

8 បន្ទាប់​មក ពួក​គេ​ត្រូវ​យក​គោ​បា​មួយ​មក ព្រម​ទាំង​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ គឺ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង។ អ្នក​ត្រូវ​យក​គោ​បា​មួយ​ទៀត​មក សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប។

9 ចូរ​នាំ​ពួក​លេវី​ឲ្យ​ចូល​មក​ជិត​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ប្រមូល​ផ្ដុំ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល។

10 ចូរ​នាំ​ពួក​លេវី​ចូល​មក​ជិត​យើង ហើយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដាក់​ដៃ​លើ​ពួក​គេ។

11 អើរ៉ុន​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​លេវី ទុក​ជា​តង្វាយ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ​យើង ដើម្បី​ឲ្យ​បម្រើ​យើង។

12 ពួក​លេវី​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​ទាំង​ពីរ រួច​ហើយ​អ្នក​ត្រូវ​ថ្វាយ​គោ​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល ដើម្បី​ជម្រះ​ពួក​លេវី​ឲ្យ​រួច​ពី​បាប។

13 បន្ទាប់​មក ចូរ​ឲ្យ​ពួក​លេវី​ឈរ​នៅ​មុខ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ហើយ​អ្នក​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​គេ​ទុក​ជា​តង្វាយ​សម្រាប់​យើង។

14 ចូរ​ញែក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​នឹង​បាន​ជា​ចំណែក​របស់​យើង។