ជន‌គណនា 9:1-7 KHSV

1 នៅ​ខែ​ទី​មួយ​នៃ​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ដូច​ត​ទៅ៖

2 «ចូរ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នៅ​ថ្ងៃ​ដែល​បាន​កំណត់​ទុក។

3 ចូរ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ថ្ងៃ​កំណត់​ទុក គឺ​នៅ​ថ្ងៃ​ទី​ដប់‌បួន​កើត​ក្នុង​ខែ​នេះ ក្រោយ​ពេល​ថ្ងៃ​លិច។ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ តាម​ច្បាប់ និង​តាម​វិន័យ​ដែល​មាន​ចែង​ទុក»។

4 លោក​ម៉ូសេ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ធ្វើ​ពិធី​បុណ្យ​ចម្លង។

5 ពួក​គេ​ក៏​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ នា​ថ្ងៃ​ទី​ដប់‌បួន​កើត​ក្នុង​ខែ​ទី​មួយ ក្រោយ​ពេល​ថ្ងៃ​លិច។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

6 ពេល​នោះ មាន​អ្នក​ខ្លះ​ត្រូវ​សៅ‌ហ្មង ព្រោះ​បាន​ប៉ះ‌ពាល់​សាក‌សព ហើយ​មិន​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ឡើយ។ នៅ​ថ្ងៃ​ដដែល​នោះ ពួក​គេ​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន

7 ហើយ​ជម្រាប​ថា៖ «យើង​ខ្ញុំ​ត្រូវ​សៅ‌ហ្មង ព្រោះ​តែ​បាន​ប៉ះ‌ពាល់​សាក‌សព។ តើ​យើង​ខ្ញុំ​មាន​សិទ្ធិ​ចូល​រួម​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ តាម​ពេល​កំណត់ ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ឬ​ទេ?»។