11 ប៉ុន្តែ គេត្រូវធ្វើបុណ្យនេះនៅខែពិសាខ ថ្ងៃទីដប់បួនកើត ក្រោយពេលថ្ងៃលិច។ គេត្រូវបរិភោគសាច់ចៀមនៃបុណ្យចម្លងជាមួយនំប៉័ងឥតមេ និងបន្លែល្វីង។
12 គេមិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ព្រឹក ហើយក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ គេត្រូវប្រព្រឹត្តតាមច្បាប់ទាំងអស់ដែលមានចែងទុកអំពីបុណ្យចម្លង។
13 ប្រសិនបើនរណាម្នាក់មិនសៅហ្មង ហើយមិនធ្វើដំណើរទៅណា តែមិនចូលរួមធ្វើបុណ្យចម្លងទេ អ្នកនោះនឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន ដ្បិតគេមិនបានថ្វាយតង្វាយទៅព្រះអម្ចាស់ តាមពេលកំណត់។ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។
14 ប្រសិនបើមានជនបរទេសណាម្នាក់ស្នាក់នៅជាមួយអ្នករាល់គ្នា ចូលរួមប្រារព្ធពិធីបុណ្យចម្លងជាមួយអ្នករាល់គ្នាដែរ នោះគេត្រូវធ្វើតាមក្រឹត្យវិន័យ និងច្បាប់ដែលមានចែងទុកអំពីបុណ្យចម្លងនេះ ដ្បិតមានច្បាប់តែមួយសម្រាប់អ្នករាល់គ្នា ទោះបីជនបរទេសក្ដី ម្ចាស់ស្រុកក្ដី»។
15 នៅថ្ងៃដែលគេដំឡើងព្រះពន្លា នោះមានពពក*មកគ្របបាំងព្រះពន្លា គឺពន្លានៃសក្ខីភាព។ ពពកនោះមានទ្រង់ទ្រាយដូចភ្លើង ស្ថិតនៅពីលើព្រះពន្លា ចាប់ពីល្ងាចរហូតដល់ព្រឹក។
16 ពពកស្ថិតនៅលើព្រះពន្លាដូច្នេះ រហូតតរៀងមក ហើយនៅពេលយប់ ពពកនោះប្រែជាមានទ្រង់ទ្រាយដូចភ្លើង។
17 ពេលណាពពកអណ្ដែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរ ហើយពេលណាពពកឈប់ នោះជនជាតិអ៊ីស្រាអែលនាំគ្នាបោះជំរំ។