ជន‌គណនា 9:12-18 KHSV

12 គេ​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ព្រឹក ហើយ​ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ។ គេ​ត្រូវ​ប្រព្រឹត្ត​តាម​ច្បាប់​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​បុណ្យ​ចម្លង។

13 ប្រសិន​បើ​នរណា​ម្នាក់​មិន​សៅ‌ហ្មង ហើយ​មិន​ធ្វើ​ដំណើរ​ទៅ​ណា តែ​មិន​ចូល​រួម​ធ្វើ​បុណ្យ​ចម្លង​ទេ អ្នក​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ដ្បិត​គេ​មិន​បាន​ថ្វាយ​តង្វាយ​ទៅ​ព្រះ‌អម្ចាស់ តាម​ពេល​កំណត់។ អ្នក​នោះ​ត្រូវ​ទទួល​ទោស​តាម​អំពើ​បាប​របស់​ខ្លួន។

14 ប្រសិន​បើ​មាន​ជន​បរ‌ទេស​ណា​ម្នាក់​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ នោះ​គេ​ត្រូវ​ធ្វើ​តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​ដែល​មាន​ចែង​ទុក​អំពី​បុណ្យ​ចម្លង​នេះ ដ្បិត​មាន​ច្បាប់​តែ​មួយ​សម្រាប់​អ្នក​រាល់​គ្នា ទោះ​បី​ជន​បរ‌ទេស​ក្ដី ម្ចាស់​ស្រុក​ក្ដី»។

15 នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​ព្រះ‌ពន្លា នោះ​មាន​ពពក*​មក​គ្រប​បាំង​ព្រះ‌ពន្លា គឺ​ពន្លា​នៃ​សក្ខីភាព។ ពពក​នោះ​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង ស្ថិត​នៅ​ពី​លើ​ព្រះ‌ពន្លា ចាប់​ពី​ល្ងាច​រហូត​ដល់​ព្រឹក។

16 ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​ដូច្នេះ រហូត​ត​រៀង​មក ហើយ​នៅ​ពេល​យប់ ពពក​នោះ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង។

17 ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះ‌ពន្លា ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ពេល​ណា​ពពក​ឈប់ នោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​បោះ​ជំរំ។

18 ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​បោះ​ជំរំ​តាម​បញ្ជា​របស់​ព្រះ‌អង្គ​ដែរ។ ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​អស់​រយៈ​ពេល​ប៉ុន‌ណា ពួក​គេ​ក៏​បោះ​ជំរំ​អស់​រយៈ​ពេល​ប៉ុណ្ណោះ​ដែរ។