4 លោកម៉ូសេប្រាប់ជនជាតិអ៊ីស្រាអែលឲ្យធ្វើពិធីបុណ្យចម្លង។
5 ពួកគេក៏ប្រារព្ធពិធីបុណ្យចម្លង នៅវាលរហោស្ថានស៊ីណៃ នាថ្ងៃទីដប់បួនកើតក្នុងខែទីមួយ ក្រោយពេលថ្ងៃលិច។ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
6 ពេលនោះ មានអ្នកខ្លះត្រូវសៅហ្មង ព្រោះបានប៉ះពាល់សាកសព ហើយមិនអាចចូលរួមប្រារព្ធពិធីបុណ្យចម្លងឡើយ។ នៅថ្ងៃដដែលនោះ ពួកគេទៅជួបលោកម៉ូសេ និងលោកអើរ៉ុន
7 ហើយជម្រាបថា៖ «យើងខ្ញុំត្រូវសៅហ្មង ព្រោះតែបានប៉ះពាល់សាកសព។ តើយើងខ្ញុំមានសិទ្ធិចូលរួមថ្វាយតង្វាយដល់ព្រះអម្ចាស់ តាមពេលកំណត់ ដូចជនជាតិអ៊ីស្រាអែលឯទៀតៗឬទេ?»។
8 លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ចូររង់ចាំខ្ញុំទទួលបញ្ជាពីព្រះអម្ចាស់ស្ដីអំពីករណីរបស់អ្នករាល់គ្នាសិន»។
9 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
10 «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ឬអ្នកនៅជំនាន់ក្រោយ ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ឬធ្វើដំណើរទៅស្រុកឆ្ងាយ គេអាចប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់បាន។