7 ហើយជម្រាបថា៖ «យើងខ្ញុំត្រូវសៅហ្មង ព្រោះតែបានប៉ះពាល់សាកសព។ តើយើងខ្ញុំមានសិទ្ធិចូលរួមថ្វាយតង្វាយដល់ព្រះអម្ចាស់ តាមពេលកំណត់ ដូចជនជាតិអ៊ីស្រាអែលឯទៀតៗឬទេ?»។
8 លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ចូររង់ចាំខ្ញុំទទួលបញ្ជាពីព្រះអម្ចាស់ស្ដីអំពីករណីរបស់អ្នករាល់គ្នាសិន»។
9 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
10 «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ឬអ្នកនៅជំនាន់ក្រោយ ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ឬធ្វើដំណើរទៅស្រុកឆ្ងាយ គេអាចប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់បាន។
11 ប៉ុន្តែ គេត្រូវធ្វើបុណ្យនេះនៅខែពិសាខ ថ្ងៃទីដប់បួនកើត ក្រោយពេលថ្ងៃលិច។ គេត្រូវបរិភោគសាច់ចៀមនៃបុណ្យចម្លងជាមួយនំប៉័ងឥតមេ និងបន្លែល្វីង។
12 គេមិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ព្រឹក ហើយក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ គេត្រូវប្រព្រឹត្តតាមច្បាប់ទាំងអស់ដែលមានចែងទុកអំពីបុណ្យចម្លង។
13 ប្រសិនបើនរណាម្នាក់មិនសៅហ្មង ហើយមិនធ្វើដំណើរទៅណា តែមិនចូលរួមធ្វើបុណ្យចម្លងទេ អ្នកនោះនឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន ដ្បិតគេមិនបានថ្វាយតង្វាយទៅព្រះអម្ចាស់ តាមពេលកំណត់។ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។